ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ពីវិធានការបង្ការការពារ ទប់ស្កាត់ជំងឺកូវីដ១៩ នៅខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងអស់ និងសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព តាមខ្លឹមសារសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល និងវិធានការណ៍ការពារនានា របស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានធ្វើការរាយការណ៍និងបញ្ជាក់ថា នៅក្នុងខេត្តក្រចេះពុំមានផលប៉ះពាល់ពីជំងឺកូវីដ១៩នេះទេ ប៉ុន្តែមានអ្នកសង្ស័យចំនួន ៣២នាក់ ក្នុងនោះមកពីប្រទេសថៃចំនួន ៣០នាក់ មកពីប្រទេសកូរ៉េចំនួន ១នាក់ និងមកពីប្រទេសម៉ាឡេស៊ីចំនួន ១នាក់។ ចំណែកមន្ទីរព័ត៌មានខេត្តក្រចេះក៏បានធ្វើការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តក្រចេះ។

ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះ រដ្ឋបាលខេត្តក្រចេះបានសម្រេចជ្រើសរើសយកមន្ទីរពេទ្យបង្អែកខេត្ត មាន ១៨បន្ទប់ ស្មើ ៣៦គ្រែ សណ្ឋាគាររសន្ដិភាពមាន ៤០បន្ទប់ ស្មើ ៨០គ្រែ និងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះមាន ៤៨បន្ទប់ មានបង្គន់ ២០ ដើម្បីរៀបចំជាបន្ទប់ស្នាក់នៅ និងព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ក្នុងករណីមានអ្នកឆ្លងជំងឺនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បានសំណូមដល់មន្ត្រីជំនាញ និងសមត្ថកិច្ចខេត្ត ចូលរួមសម្អាតអាគារ និងបន្ទប់នៅតាមទីតាំងដែលត្រៀមទុកនីមួយៗ ឱ្យបានស្អាត និងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឱ្យអស់សិនមុននឹងឱ្យអ្នកឆ្លងជំងឺចូលស្នាក់នៅ។