ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ មីនា ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធីបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ។

 

កម្មវិធីនេះរៀបចំឡើងដើម្បីរំលឹកពីការតស៊ូរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ព្រឹត្តិការណ៍ ៨ មីនា រំលេចពីតម្លៃនៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា។ នាឱកាសនេះដែរ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចូលរួមផ្តល់នូវអនុសាសន៍ល្អៗ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តី ដែលកំពុងបម្រេីការងារ ក្នុងគោលបំណងអភិវឌ្ឍន៍លើកកម្ពស់សមត្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាធ្វើយ៉ាងណា ក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ។

 

កម្មវិធីនេះរៀបចំនៅទីស្ដីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានទាំងអស់នៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៣០០ នាក់​​ ក្នុងនោះ ស្ត្រីមាន ២៥០ នាក់។