សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសចូលរួមពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតសាលាភូមិន្ទរដ្ឋបាលចំនួន ៥៧៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ (ស្រ្តី ១០៥នាក់) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

 

ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអានរបាយការណ៍ឱ្យដឹងថា សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ ក្រៅពីការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សា ក្នុងថ្ងៃនេះ ក៏មានប្រកាសបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១នាក់ផងដែរ។

នាឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ដំបូន្មាន និងអនុសាសន៍សំខាន់ៗ ដូចខាងក្រោម:
-ជម្រុញអោយមានវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅតាមក្រសួង-ស្ថាប័ន
-មន្ត្រីរាជការត្រូវដាក់ចិត្តបម្រើប្រជាជនដោយស្មោះ
-“ពេលនៅអោយប្រជាជនស្រលាញ់ ពេលចេញអោយប្រជាជននឹក”
-កុំធ្វើមន្ត្រីជើង១០ គឺជើងតុ៤ ជើងកៅអី៤ និង ជើងមនុស្ស២ មានន័យថា មិនទៅណា នៅចាំតែកន្លែង
-ត្រូវរៀបចំផែនការអោយបានល្អ កុំរង់ចាំអនុសាសន៍
-ត្រូវត្រៀមឆ្លើយតបនឹងកត្តាចៃដន្យ ដូចជា សង្គ្រាមពាណិជ្ជកម្ម Covid-19 ។ល។ (ជាកិច្ចការដែលមិនបានគ្រោងទុកក្នុងផែនការ)
-ពេលកើតបញ្ហា យើងបានស្គាល់មនុស្សពីរប្រទេទ៖ 1. មនុស្សដែលរាយការណ៍អោយថ្នាក់លើ រួចបន្ទោសទៅថ្នាក់ក្រោម គួរដកចេញ ព្រោះអត់ទទួលខុសត្រូវ 2. មនុស្សដែលឈ្មុសឈ្មុលដោះស្រាយបញ្ហានៅនឹងកន្លែង។ មនុស្សប្រភេទនេះគួរជម្រុញការបណ្តុះបណ្តាល និងតែងតាំងអោយស្របតាមការខំប្រឹងរបស់គេ។
-ខ្មែរស្អប់បំផុត ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥
-ត្រូវក្លាយខ្លួនជាប្រភេទមន្ត្រីទី៤ ដែលហ៊ាននិយាយត្រង់ ហ៊ានថាគ្រាប់ល្ពៅស្ងោរ មិនអាចដាំបាន។ មិនត្រូវក្លាយខ្លួនជាមន្ត្រីគ្រាប់ល្ពៅប្រភេទទីមួយ ដឹកល្ពៅមកហើយ អោយស្តេចសម្លាប់កងការពារទៀត
-គ្មានចំណេះដឹងណាគ្រប់គ្រាន់ទេ ពិភពលោកផ្លាស់ប្តូរ ពិសេសសម័យនេះ បដិវឌ្ឍន៍ឧស្សាហកម្ម4.0 ដូចនេះ ត្រូវបង្កើនសមត្តភាព
-ស្ថាប័នពូកែផ្តើមចេញពីធនធានមនុស្ស។

 

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០ របស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយសិស្ស និស្សិត ប្រកបដោយភាពស្និទ្ឋស្នាលរីករាយ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១