ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០  ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០។

 

នៅក្នុងពិធីបិទសន្និបាតនេះ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញអានរបាយការណ៍បូកសរុបលទ្ធផលរបស់ក្រុមពិភាក្សាទាំងបួន ទាក់ទងនឹងការប្រមូលធាតុចូល បញ្ហាប្រឈមនានា សំណូមពរផ្សេងៗ និងដំណោះស្រាយ សម្រាប់ការអនុវត្តការងារក្នុងឆ្នាំ២០២០ នេះ លើប្រធានបទតាមក្រុមនីមួយៗគឺ៖ (១)កំណែទម្រង់រដ្ឋបាលសាធារណៈ (២)ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ (៣)ការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងកែលម្អរបៀបរបបគ្រប់គ្រងនិងចាត់ចែងការងារប្រកបដោយនវានុវត្តន៍និងឌីជីថល និង (៤)ការគាំទ្រនិងសម្របសម្រួលកិច្ចការទូទៅរបស់ក្រសួងនិងមន្ទីរក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

 

ក្នុងឱកាសបិទសន្និបាតនេះដែរ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានចំណាប់អារម្មណ៍បន្ថែមថា កត្តាជោគជ័យលើការអនុវត្តការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺមិនមែនទៅលឿនទេ តែត្រូវទៅដំណាលគ្នា និងទាំងអស់គ្នា។ ទស្សនទាននេះ មានន័យថាក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនត្រឹមតែតាក់តែងរៀបចំកម្មវិធី ឬ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងអនុវត្តតែឯងនោះទេ ប៉ុន្តែត្រូវបង្កើនចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពជំនាញដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តផ្ទាល់ នៅតាមគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់បានយល់ដឹងអំពីសារៈប្រយោជន៍ និងបែបបទនីតិវិធីនៃការអនុវត្ត ជាពិសេសត្រូវបង្កើនការចូលរួមអនុវត្ត ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងការទទួលខុសត្រូវខ្ពស់លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្នូលនៃ «ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច» របស់រាជរដ្ឋាភិបាល។

 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានប្រសិទ្ធពរ ជូនថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវកិត្តិយស ទាំងអស់ និងបានប្រកាសបិទសន្និបាតជាផ្លូវការ 

 

សេចក្តីប្រកាសព័ត៌មាន៖ ​ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។

ទាញយកឯកសារពាក់ព័ន្ធ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។

បណ្ណាល័យរូបភាព៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។