ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។

 

ក្នុងពិធីបើកអង្គសន្និបាតនេះ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល មានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្រសួងបានកំណត់បាវចនាចំនួនបី គឺ ៖ (១)ដើម្បីការពារផលប្រយោជន៍សាធារណៈ (២)ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និង(៣)ការពារផលប្រយោជន៍មន្ត្រីរាជការ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើង ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាន ដូចជា (១)បានរៀបចំដំឡើងបៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជាពិសេសការបង្កើនតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន (២)បានកសាង និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តជាច្រើន ពាក់ព័ន្ធនឹងផលប្រយោជន៍មន្ត្រីរាជការ (៣)បានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ស្ថាប័ន តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា និងការបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល (៤)បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគម្រូក្នុងវិស័យអប់រំ និងសុខាភិបាល (៥)បានរៀបចំប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា (៦)បានរៀបចំយន្តការនៃការផ្តល់ព័ត៌មានអំពីសេវាសាធារណៈ តាមរយៈកម្មវិធីតាមទូរស័ព្ទ (Mobile Application) និងគេហទំព័រច្រកទ្វារអេឡិចត្រូនិច (Public Service Gateway) (៧)បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈ (៨)បានរៀបចំសេចក្តីព្រាងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ២០២០-២០៣០ (៩)បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ដើម្បីចូលរួមក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

 

ក្រសួងមុខងារសាធារណៈក៏នៅមានកិច្ចការ និងបញ្ហាប្រឈមជាច្រើនទៀត  ដែលត្រូវអនុវត្ត និងបន្តដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃមុខងារសាធារណៈនិងការផ្ដល់សេវាសាធារណៈ ឱ្យឆ្លើយតបនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់សង្គមជាតិ ជាពិសេសតម្រូវការសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនដែលមានការកើនឡើងមិនឈប់ឈរ។ ដូចនេះអង្គសន្និបាតនាពេលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងធ្វើការពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកន្លងមក កំណត់បញ្ហាប្រឈម និងពិភាក្សាស្វែងរកវិធានការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ និងលើកទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២០។

 

សូមជម្រាបថាអង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃកន្លះ ពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៤៤៣នាក់ (ស្ត្រី៩១នាក់)។

 

សេចក្តីប្រកាសព័ត៌មាន៖ ​ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។

ទាញយកឯកសារពាក់ព័ន្ធ៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។

បណ្ណាល័យរូបភាព៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងមុខងារសាធារណៈ។

ព័ត៌មានទាក់ទង