ឯកឧត្តម ឈុន សុជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានផ្ដោតលើរបៀបវារៈសំខាន់ៗដូចតទៅ៖ (១) ផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងគម្រោងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ និង(២) បញ្ហាផ្សេងៗ រួមមាន ១.ត្រៀមរៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលក្ខណៈវិនិច្ឆ័យភាពជាអ្នកដឹកនាំគំរូ (សម្រាប់កម្រិតអគ្គនាយក និងអភិបាលរាជធានី ខេត្ត) និង២.ពិនិត្យលើវឌ្ឍនភាពការងារនៃយន្តការសម្របសម្រួលការងារកែទម្រង់ទាំងបីបូកមួយ(ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ការងារកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌)។

កិច្ចប្រជុំនេះ រៀបចំដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១