ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អញ្ជើញបើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី ” ការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាលនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ តំណាងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ”ការពង្រឹងការគ្រប់គ្រងស្ថានភាពរដ្ឋបាលនិងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ” ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីបំពេញការងារពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាមន្ត្រីដែលទទួលបន្ទុករៀបចំបៀវត្សប្រចាំខែ គឺរបាយការណ៍ស្ដីពីការប្រែប្រួលស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងរៀបចំប្រាក់កម្រៃមន្ត្រីជាប់កិច្ចសន្យា និងគ្រូបង្រៀនជាប់កិច្ចសន្យាផងដែរ ។

សិក្ខាសាលានេះ រៀបចំដោយអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ (CKCC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ មន្ត្រីរាជការតំណាងក្រសួង-ស្ថាប័ន និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបចំនួន ២២០នាក់ (ស្ត្រីចំនួន ៥៥នាក់) ។