សិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅខេត្តកំពត

ខេត្ដកំពត៖៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ នាង លីណា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ​និងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងកម្រិតវិទ្យាល័យឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្ដែង និងត្រៀមរៀបចំសេចក្ដីព្រាងតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងកម្រិតអនុវិទ្យាល័យ និងបឋមសិក្សា។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគ.វ.ជ ដែលមានសមាសភាពមកពី ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រសួងបរិស្ថាន ព្រមទាំងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ។