សិក្ខាសាលាអន្តរជាតិប្រចាំតំបន់ «សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ាន៖ ការចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាននិងកូរ៉េ»

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសារធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិប្រចាំតំបន់ ឆ្នាំ២០១៩ ក្រោមប្រធានបទ «សមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលសេដ្ឋកិច្ចអន្តរកាលនៅបណ្តាប្រទេសអាស៊ាន៖ ការចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសអាស៊ាននិងកូរ៉េ» នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្រោមការរៀបចំពីសាលាភូមិន្ទរដ្ឋបាល សហការជាមួយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យញូវសៅវែល ប្រទេសអូស្ត្រាលី និងគាំទ្រដោយក្រសួងមុខងារសាធារណៈ និងមូលនិធិកូរ៉េ នៃសាធារណៈរដ្ឋកូរ៉េ ។

សិក្ខាសាលានេះ មានគោលបំណងផ្តោតសំខាន់បីគឺ ១-កិច្ចពិភាក្សាស្តីពីសមត្ថភាពរដ្ឋសម្រាប់ការអភិវឌ្ឍជាតិក្នុងដំណាក់កាលអន្តរកាលនៅបណ្តាប្រទេសអាស៊ាន និងលទ្ធភាពនៃការចូលរួមរបស់ប្រទេសកូរ៉េ ២-ការចែករំលែកបទពិសោធន៍ពីអតីតកាលនិងផលប៉ះពាល់ខាងគោលនយោបាយចំពោះកំណែទម្រង់នាពេលអនាគតដែលត្រូវដាក់ឱ្យអនុវត្តដោយភ្នាក់ងារកំណែទម្រង់ ៣-ការពង្រឹងបណ្តាញនៃការស្រាវជ្រាវជាយុទ្ធសាស្រ្ត រវាងរដ្ឋាភិបាល ស្ថាប័នសាធារណៈ និងអ្នកស្រាវជ្រាវនៃបណ្តាប្រទេសអាស៊ាន និងកូរ៉េ ។

អង្គសិក្ខាសាលានេះ នឹងរៀបចំឡើងក្នុងរយៈពេល ២ថ្ងៃកន្លះ ថ្ងៃទីមួយផ្តោតលើប្រធានបទស្តីពី “ការអភិវឌ្ឍជាតិក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចអន្តរកាលអាស៊ាន និងមេរៀនពិសោធន៍ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសអាស៊ានដទៃទៀត៖ ការពិនិត្យលើគោលនយោបាយម៉ាក្រូ” ដោយក្នុងនោះនឹងមានការបង្ហាញអំពីទិដ្ឋភាពរួមនៃគោលនយោបាយអភិវឌ្ឍន៍ជាតិនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចអន្តរកាលអាស៊ាន និងបទពិសោធន៍កន្លងមកដែលប្រទេសកូរ៉េនិងប្រទេសអាស៊ានផ្សេងទៀតបានឆ្លងកាត់ និងថ្ងៃទីពីរ នឹងមានការបែងចែកជាបីវេទិកាផ្សេងគ្នា ដើម្បីផ្តល់បទបង្ហាញលើករណីសិក្សាជាក់ស្តែងពាក់ព័ន្ធនិងការកែទម្រង់វិស័យសាធារណៈ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយកូរ៉េ និងទំនាក់ទំនងសង្គម-វប្បធម៌រវាងបណ្តាប្រទេសអាស៊ាន និងកូរ៉េ​ ។

អង្គសិក្ខាសាលាព្រឹកនេះ មានការអញ្ជើញចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អ្នកវិភាគគោលនយោបាយ អ្នកស្រាវជ្រាវ ដែលអញ្ជើញមកពីប្រទេសចំនួន ១០ ដោយក្នុងនោះ មានប្រទេសអាស៊ានចំនួន ៨ (ព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋឥណ្ឌូនេស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សហព័ន្ធម៉ាឡេស៊ី សហព័ន្ធមីយ៉ាន់ម៉ា សាធារណៈរដ្ឋហ្វីលីពីន ព្រះរាជាណាចក្រថៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម) ប្រទេសអូស្ត្រាលី និង សាធារណៈរដ្ឋកូរ៉េ សរុបប្រមាណ ២០០នាក់​ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១