សិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្ដីពី “ការរៀបចំឯកសារណែនាំអាស៊ានស្ដីពីការផ្ដល់សេវាសាធារណៈ”

ខេត្តសៀមរាប៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Sonali Dayaratne អ្នកតំណាងរងនៃនិវេសនដ្ឋានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្ដីពី “ការរៀបចំឯកសារណែនាំអាស៊ានស្ដីពីការផ្ដល់សេវាសាធារណៈ” ដែលប្រព្រឹត្តទៅ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទឹកដី នៃសម្បតិ្តបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពិនិត្យផ្តល់យោបល់ និងអនុម័តក្នុងកម្រិតបច្ចេកទេសទៅលើសេចក្ដីព្រាងឯកសារណែនាំអាស៊ានស្ដីពីការផ្ដល់សេវាសាធាណៈនៃប្រទេសសមាជិកអាស៊ាន មុននឹងដាក់ឆ្លងសម្រេចចុងក្រោយពីថ្នាក់ដឹកនាំទទួលបន្ទុកមុខងារសាធារណៈនៃបណ្ដាប្រទេសសមាជិកអាស៊ាន។ សិក្ខាសាលានេះបានអញ្ជើញវាគ្មិនជាអ្នកឯកទេសជាន់ខ្ពស់ថ្នាក់ជាតិ អ្នកឯកទេសជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទីប្រឹក្សាតំបន់ ព្រមទាំងមន្រ្តីបច្ចេកទេសជាន់ខ្ពស់ជាតំណាងប្រទេសសមាជិកអាស៊ានមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ លើប្រធានបទពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈប្រកបដោយគណនេយ្យភាពនិងនវានុវត្តន៍ ព្រមទាំងរៀបចំឱ្យមានវេទិការពិភាក្សាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានលើសេចក្តីព្រាងឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ ដែលជាឯកសារដែលប្រទេសអាស៊ានទាំង១០ ត្រូវប្រើប្រាស់ជាមគ្គុទេសន៍ក្នុងការកែលម្អការផ្តល់សេវាសាធារណៈក្នុងប្រទេសរបស់ខ្លួន សំដៅផ្ដល់សេវាជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរឡើង។

អង្គសិក្ខាសាលានេះរៀបចំទ្បើងដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាតំបន់ តំណាងប្រទេសជាសមាជិកអាស៊ានទាំង១០ តំណាងលេខាធិការដ្ឋានអាស៊ាន ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកសេវាសាធារណៈរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គលេខាធិការដ្ឋគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មន្រ្តីតំណាងធនាគារពិភពលោក កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ អង្គការតម្លាភាពកម្ពុជា និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ១៨០ នាក់។

បណ្ណាល័យរូបភាពៈ សិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្ដីពី “ការរៀបចំឯកសារណែនាំអាស៊ានស្ដីពីការផ្ដល់សេវាសាធារណៈ”