ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ជាវេទិកាសម្រាប់ការរៀនសូត្រដើម្បីផ្គួបផ្សំបញ្ញាញាណក្នុងការកែលម្អសេវាសាធារណៈក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរតាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាជន។ សិក្ខាសាលាបានរៀបចំឱ្យមានការធ្វើបទបង្ហាញរបស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ វេទិកាពិភាក្សាស្ដីពីការគ្រប់គ្រងវិទ្យាល័យប្រកបដោយប្រសិទ្ធភាព ការតាំងពិពណ៌ស្ដីពីសមិទ្ធផល និងនវានុវត្តន៍នៃវិទ្យាល័យគំរូ និងការធ្វើទស្សនកិច្ចសិក្សានៅវិទ្យាល័យពេជ្រ ចិន្តា ដែលជាជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០១៩។

អង្គសិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានសមាសភាពអញ្ជើញចូលរួមមកពី ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងនៃធនាគារពិភពលោក ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ អង្គការតម្លាភាពកម្ពុជា គណៈកម្មការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់រាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា  ព្រមទាំងនាយក នាយិកាគ្រប់វិទ្យាល័យទូទាំងប្រទេស សរុបចំនួន ៦១៥នាក់។