ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវវេជ្ជបណ្ឌិត ​​អ៊ឹ​​​ង​​ កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ រវាងក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ។

អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីក្នុងវិស័យមុខងារសាធារណៈ ស្របតាមការកំណត់ និងការចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្រ្តនារីរតនៈ ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងទាំងពីរក៏មានគោលដៅពង្រឹងកិច្ចសហការ និងភាពជាដៃគូក្នុងការស្វែងរកវិធីសាស្រ្ដ គំនិតផ្ដួចផ្ដើម និងដាក់ចេញជាសកម្មភាពជាក់លាក់ក្នុងការពង្រឹងសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈ និងរៀបចំឯកសារកម្មវិធីជាតិ និង/ឬ យុទ្ធសាស្រ្ដស្ដីពីស្រ្ដីក្នុងភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដី។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ នៅទីស្ដីការក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋានមកពីក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ។

ព័ត៌មានទាក់ទង