សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងផែនការ យុទ្ធសាស្រ្តបញ្ជ្រាបយេឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ “ឆ្នាំ២០១៩-២០២៣”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងផែនការ យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ “ឆ្នាំ២០១៩-២០២៣”។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលការងារនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ព្រមទាំងពិភាក្សា ពិនិត្យ ពិគ្រោះយោបល់ និងប្រមូលធាតុចូលសំខាន់ៗ សំដៅឆ្លើយតបទៅនឹងបញ្ហាគម្លាតយេនឌ័រ រវាងបុរសនិងស្ត្រី នៅក្នុងវិស័យមុខងារសាធារណៈ។

ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមក ក្រុមការងារយេនឌ័រ នៃក្រសួងមុខងារសាធារណៈក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ក្នុងផ្នែកស្ថាប័ន ធនធានមនុស្ស មធ្យោបាយគាំទ្រ និងការសម្របសម្រួលផ្នែកគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារតារាអ៊ែរផត ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ​ អគ្គនាយករង អគ្គាធិការរង​ ប្រធាន-អនុប្រធាននាយកដ្ឋានមកពីគ្រប់ក្រសួង​ ស្ថាប័ន ប្រធាន-អនុប្រធានមន្ទីរមុខងារសាធារណៈ ប្រធាន-អនុប្រធានមន្ទីរកិច្ចការនារី មកពីគ្រប់រាជធានី ខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់មកពី ធនាគារពិភពលោក(World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) អង្គការ UN WOMEN និងសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់(GIZ) សរុបចំនួន ១៧៩នាក់ ស្ដ្រីចំនួន ១១៥នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១