ពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រ (២០១៩ – ២០២៣) របស់ក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ដ្រ (២០១៩ – ២០២៣) របស់ក្រសួងមុខងារសាធារណៈ។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីឱ្យអង្គភាពក្រោមឱវាទក្រសួងមុខងារសាធារណៈ ទាំងអស់ត្រូវទទួលបន្ទុកអនុវត្តផែនការនេះ ទៅតាមដែនសមត្ថកិច្ចដែលពាក់ព័ន្ធទៅនឹងអង្គភាពនីមួយៗ។ ដើម្បីសម្រេចគោលបំណងគោលនយោបាយនេះ ក្រសួងបានដាក់ចេញនូវកម្មវិធីចំនួន៤ គឺ ១)- កំណែទម្រង់រដ្ឋបាលសាធារណៈ ២)- ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ៣)- ការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងកែលម្អរបៀបរបបគ្រប់គ្រងនិងចាត់ចែងការងារប្រកបដោយនវានុវត្តន៍និងឌីជីថល និង ៤)- ការគាំទ្រនិងសម្របសម្រួលកិច្ចការទូទៅរបស់ក្រសួងនិងមន្ទីរក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសនេះ ក្រសួងមុខងារសាធារណៈក៏ធ្វើការផ្សព្វផ្សាយការងារមួយផ្សេងទៀត គឺការបង្កើតសមាគមសង្គហៈមិត្តមន្ដ្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលជាការងារចាំបាច់មួយសម្រាប់ក្រសួង ដើម្បីឱ្យក្រសួងមានយន្តការមួយជាក់លាក់ក្នុងការជួយសម្រាលទុក្ខធុរៈរបស់មន្ដ្រីរាជការពេលជួបបញ្ហាផ្សេងៗ។

កម្មវិធីនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារភ្នំពេញ ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង នាយកសាលាភូមិន្ទរដ្ឋបាល នាយករងសាលាភូមិន្ទរដ្ឋបាល នាយកខុទ្ទកាល័យ អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានអង្គភាពលទ្ធកម្ម ប្រធានមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត ។