សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពិនិត្យឡើងវិញលើ​​ការ​​បណ្តុះបណ្តាល និងតម្រូវការនៃការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពិនិត្យឡើងវិញលើការបណ្តុះបណ្តាល និងតម្រូវការនៃការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល”។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ និងប្រមូលទិន្នន័យនៃការបណ្ដុះបណ្ដាល ដែលកំពុងអនុវត្តជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិក្សាពីតម្រូវការចាំបាច់នៃការបណ្ដុះបណ្ដាល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំឯកសារក្របខ័ណ្ឌ ស្តីពីការបណ្តុះបណ្តាលដែលមានលក្ខណៈជាកត្តាព្វកិច្ចនិងជាប្រព័ន្ធ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះក៏មានការចូលរួមធ្វើបទបង្ហាញចែករំលែកទស្សនាទាន បទពិសោធន៍ និងការអនុវត្តការងារពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពពីសំណាក់វាគ្មិនដែលអញ្ជើញមកពី ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងមានការពិភាក្សាជាក្រុម ដោយមានការចូលរួមមតិយ៉ាងផុសផុលពីសិក្ខាកាមផងដែរ។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសសម្រាប់ការអនុវត្តសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ សិក្ខាកាមមកពីគ្រប់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ២០០នាក់។