ពិធីបើកសិក្ខាសាលា ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល។

សិក្ខាសាលានាព្រឹកនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណរបស់យើងសម្រាប់ធ្វើការកែលម្អសេវាសាធារណៈក្នុងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បានរបស់រាជរដ្ឋាភិបាលនិងប្រជាជនរបស់យើង។ ការរៀនសូត្រពីបទពិសោធន៍បរទេសអាចឱ្យយើងទទួលបាននូវទស្សនាទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនាទានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវចំណេះដឹងដែលត្រូវនឹងបរិបទនៃការងារផ្តល់សេវារបស់យើងទៀតផង។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ នៅសាលាខេត្តកំពង់ចាម ដែលមានសមាសភាពអញ្ជើញចូលរួមមកពី ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រធានស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ គណៈកម្មការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល តំណាងនៃធនាគារពិភពលោក ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ និងអង្គការតម្លាភាពកម្ពុជា សរុបចំនួន ៤០០នាក់ ក្នុងនោះស្ត្រី​ ៣៧នាក់។