ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចែករង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ និងបានចែករង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៤នាក់ និងនិទ្ទេស B ចំនួន ៥១នាក់។

ឯកឧត្ដមបាន​មាន​ប្រសាសន៍ថា ការ​ផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់និទ្ទេស A និងនិទ្ទេស B នាព្រឹកពេលនេះ គឺជា​ការ​លើក​ទឹក​ចិត្ត​ដល់ការ​ខិតខំរបស់​សិស្សានុសិស្ស ហើយក៏ជាការ​ពញ្ញាក់ស្មារតីដល់សិស្សជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រឱ្យបានពូកែ និងបញ្ជាក់ឱ្យឃើញថា វិស័យអប់រំនៅទូទាំងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ប្រកបដោយមោទនភាពផងដែរ។