សកម្មភាពសំខាន់ៗ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញដឹកនាំគណៈប្រតិភូគណៈប្រតិភូក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល បំពេញទស្សនកិច្ចសិក្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង

នាព្រឹក ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដំណើរដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបជាមួយ លោក Alexandre TRAN-CHUONG អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅតំបន់អាស៊ី និងអាមរិក សម្រាប់គម្រោងជាដៃគូអន្តរជាតិ នៃសាលាជាតិរដ្ឋបាលបារាំង (l’École Nationale d’Administration) នៅទីក្រុងប៉ារីស ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការទាក់ទងនឹងការបណ្តុះបណ្តាល មន្រ្តីរាជការកម្ពុជា និងការរៀបចំនូវ សិក្ខាសាលាអន្តរជាតិរួមគ្នា នាពេលអនាគត។

នារសៀល ថ្ងៃដដែលនេះដែរ គណៈប្រតិភូកម្ពុជាខាងលើ ក៏បានអញ្ជើញជួប លោក Olivier DUSSOPT រដ្ឋលេខាធិការក្រសួងកិច្ចការ និងគណនីសាធារណៈ (Ministère de l’Action et des Comptes publics) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការរៀបចំនូវសិក្ខាសាលាអន្តរជាតិរួមគ្នានាពេលខាងមុខ។ ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល នៅប្រទេសបារាំងនេះ មានការចូលរួមគាំទ្រពី ស្ថានទូតបារាំង ប្រចាំនៅប្រទេសកម្ពុជាផងដែរ។