សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ លើឯកសារសេចក្តីព្រាងបឋមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ លើឯកសារសេចក្តីព្រាងបឋមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០។

សិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្តល់យោបល់ និងកែសម្រួលឯកសារសេចក្តីព្រាងនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ សំដៅធ្វើឱ្យឯកសារនេះកាន់តែមានលក្ខណៈជាក់ស្តែង ងាយយល់ ព្រមទាំងអនុវត្តបានគ្រប់កម្រិត ព្រមទាំងពិភាក្សាលើការកំណត់អំពីតួនាទីភារកិច្ចរបស់តួអង្គពាក់ព័ន្ធ ក្នុងនោះរួមមានក្រសួងមុខងារសារធារណៈ គណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។

សិក្ខាសាលាព្រឹកនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ​ នាយករដ្ឋបាល តំណាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងដែលជាក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៅខេត្តទាំង១០ រួមមាន ខេត្តស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ មណ្ឌលគិរី រតនៈគិរី ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរជំនាញជុំវិញខេត្ត និងតំណាងក្រុង ស្រុក ទាំង៦នៃខេត្តស្ទឹងត្រែង សរុបចំនួន ១០០នាក់ ក្នុងនោះស្ត្រីមាន ១៥នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១