សិក្ខាសាលាពិគ្រោះយោបល់លើឯកសារសេចក្តីព្រាងបឋមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត និងថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារសេចក្តីព្រាងបឋមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ អង្គសិក្ខាសាលានេះ រៀបចំឡើងក្នុងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិគ្រោះយោបល់ប្រមូលធាតុចូល និងកែសម្រួលឯកសារសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ. ដែលមានសមាសភាពអញ្ជើញចូលរួមមកពីអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ អគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៧០នាក់។