ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ “លើសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ “លើសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០” នៅសណ្ឋាគារសុខាភ្នំពេញ ។

សិក្ខាសាលាពិគ្រោះយោបល់ នាថ្ងៃនេះរៀបចំឡើងមានគោលបំណង៖ (ទី១)ចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍ ស្តីពីរដ្ឋបាលសាធារណៈ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់កែលម្អការផ្តល់សេវាសាធារណៈផ្អែកលើគុណផលសំដៅផ្តល់ជាពុទ្ធិដល់ការពិភាក្សាពិគ្រោះយោបល់ក្នុងអង្គសិក្ខាសាលានេះ (ទី២)ពិនិត្យនិងកែលម្អលើផែនការសកម្មភាពនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ឱ្យកាន់តែមានសុក្រឹត្យភាព និងអាចអនុវត្តបាន និង(ទី៣)ប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាក់ស្តែងនិយម និងអាចទទួលយកអនុវត្តបានទាំងអស់គ្នា។

សិក្ខាសាលាពិគ្រោះយោបល់នេះ មិនត្រឹមតែជាវេទិកាពិភាក្សានិងពិគ្រោះយោបល់ប្រមូលធាតុចូលនោះទេ ថែមទាំងជាវេទិកាដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ និងដៃគូពាក់ព័ន្ធនានាផ្សេងទៀត អាចទទួលបាននូវពុទ្ធិ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ដើម្បីជាជំនួយក្នុងការរៀបចំការងារកែទម្រង់រដ្ឋបាលសាធារណៈក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយប្រកាន់ភ្ជាប់នូវអភិក្រម បុរេសកម្មចំពោះការងារកែទម្រង់ស៊ីជម្រៅដើម្បីផលិតភាពឱ្យបានកាន់តែប្រសើរឡើងសំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនិងស្របទៅតាមការវិវត្តន៍នៃសាកលភាវូបនីយកម្ម។

សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងមុខងារសាធារណៈ ធនាគារពិភពលោក ឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប ដែលមានសិក្ខាកាមចូលរួមប្រមាណជា ៣០០ នាក់ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងមកពី អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ រាជបណ្ឌិតសភា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍ (EU, AFD, ADB, DFAT, IMF, JICA, Sweden, UNICEF, USAID, GIZ, UNDP) រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អាជ្ញាធរអគ្គិសនីនៃកម្ពុជា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យសុខាភិបាល សាកលវិទ្យាល័យបញ្ញាសាស្រ្ត ព្រមទាំងវិស័យឯកជន(ធនាគារកាណាឌីយ៉ា, ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង ធនាគារABA)។