សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈនៃអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈនៃអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ សិក្ខាសាលានេះ មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីប្រធានមន្ទីរពេទ្យបង្អែកជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលចំនួនបីគឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិសាត់ (CPA1) មន្ទីរពេទ្យបង្អែកខេត្តកោះកុង (CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (CPA3) ព្រមទាំងវិទ្យាល័យចំនួនពីរគឺ វិទ្យាល័យពេជ្រចិន្ដា ខេត្តបាត់ដំបង និងវិទ្យាល័យហ៊ុនសែន ខេត្តឧត្ដរមានជ័យ។ ជាចុងក្រោយនៃអង្គសិក្ខាសាលាក៏មានវេទិកាសំណួរចម្លើយផងដែរ ដើម្បីអោយមានការចែករំលែកនិងបទពិសោធន៍នៃការគ្រប់គ្រងនិងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែទូលំទូលាយ។ សូមគូសបញ្ជាក់ផងដែរ នៅព្រឹកស្អែកថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្មវិធីនឹងបន្តប្រកាសជ័យលាភី ផ្តល់រង្វាន់ និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។