សិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល

ខេត្ដកំពត៖ កាលពីព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ ឌីយ៉ាម៉ង់ ខេត្តកំពត ឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិងដឹកនាំសិក្ខាសាលា ស្ដីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្ដែង។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ មន្ដ្រីបច្ចេកទេសដែលជាតំណាងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) មកពីក្រសួងមុខងារសាធារណៈ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។