ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមកម្មវិធីពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីការពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយលើបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល។ ក្នុងដំណាក់កាលនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នឹងធ្វើការវាយតម្លៃទៅលើបទបង្ហាញរបស់តំណាងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ សុខាភិបាល ទាំង ៣ កំរិត ធៀបនឹងលក្ខណៈវិនិច្ឆ័យដែល គ.វ.ជ. បានកំណត់ ព្រមទាំងធ្វើការផ្ទៀងផ្ទាត់និងសួរសំណួរបញ្ជាក់បន្ថែមទៅលើទិន្នន័យជុំវិញលទ្ធផលនៃការចុះវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនាពេលកន្លងមក ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកនៃគ.វ.ជ. ដែលមានសមាសភាពដូចជា តំណាងទីស្ដីការ គណៈរដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ គូសបញ្ជាក់ផងដែរ ក្នុងដំណើរការពិនិត្យនិងវាយតម្លៃសម្រេចចុងក្រោយនេះ បានប្រព្រឹត្តទៅរយៈបីថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល។

ព័ត៌មានទាក់ទង