ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញចូលរួមកម្មវិធីពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដែលត្រូវបានរៀបចំនៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល។


កម្មវិធីនេះ មានការធ្វើបទបង្ហាញរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំទាំង៥ចុងក្រោយ និងមានការត្រួតពិនិត្យវាយតម្លៃពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលមានសមាសភាពចំនួន១២ រូប មកពីក្រសួង-ស្ថាប័នចំនួន៩ ដូចជា ក្រសួងមុខងារសាធារណៈ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជននិងកីទ្បា ក្រសួងបរិស្ថាន លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។