ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំតាក់តែងករណីសិក្សា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តម ឈុន សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការរៀបចំតាក់តែងករណីសិក្សា ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពមន្ដ្រីបង្គោលនៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការយល់ដឹងពីទស្សនទាន និងវិធីសាស្ដ្រនៃការរៀបចំតាក់តែងករណីសិក្សា។ វគ្គបណ្ដុះបណ្ដាលខាងលើនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ទីមុខងារសាធារណៈខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្ដព្រះវិហារ ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។