សិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំតាក់តែង សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម ប្រាក់ ម៉ូវ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខសាធារណៈ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំតាក់តែងសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសារធាណៈ ២០១៩-២០៣០ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១-ពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើឯកសារសេចក្តីព្រាងបឋមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល ២០១៩-២០៣០ ២-ពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពនិងសូចនាករសម្រាប់ការអនុវត្តជាក់ស្តែង ៣-ឯកភាពជារួមលើឯកសារសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមុនពេលដាក់ប្រជុំពិគ្រោះយោបល់កម្រិតអន្តរក្រសួង។ សូមគូសបញ្ជាក់ផងដែរ សិក្ខាសាលាពិគ្រោះយោបល់នេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមប្រមាណ ៦០នាក់ រួមមាន៖ អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន (០១ រូបក្នុងមួយនាយកដ្ឋាន) នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងតំណាងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈទាំង ១២ក្រុម (០២រូប ក្នុងមួយក្រុម)។