ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ភ្ញៀវកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួន៤៣៣នាក់ (ស្រី ៨៤នាក់)។ អង្គសន្និបាត បានធ្វើការពិភាក្សាលើប្រធានបទ ចំនួន ៤ រួមមាន ៖ (១)ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងមុខងារសាធារណៈ (២)ការពង្រឹងអភិបាលកិច្ចនិងគុណភាពសេវាសាធារណៈ (៣)ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ និង (៤)ការអភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ។

ក្នុងនាមជាប្រធានស្ថាប័ន និងជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈដែលបានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តោតលើអាទិភាព ចំនួន ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដែលក្នុងចំណុចអាទិភាពទី១ គឺ “មនុស្ស”។ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នេះ រួមមាន៖ (១)ការអភិវឌ្ឍធនធានមនុស្ស (២)ការធ្វើពិពិធកម្មសេដ្ឋកិច្ច (៣)ការអភិវឌ្ឍវិស័យឯកជននិងការងារ និង (៤)ការងារអភិវឌ្ឍប្រកបដោយចីរភាពនិងបិរយាប័ន្ន។ ចតុកោណនីមួយៗ ត្រូវបានគាំទ្រដោយស្នូលនៃយុទ្ធសាស្ត្រចតុកោណ គឺ “ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច” ដែលមានមុំចំនួន៤ រួមមាន៖ (១)កែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័ន (២)ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ (៣)ការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ និង (៤)ការពង្រឹងអភិបាលកិច្ចវិស័យឯកជន។ ក្នុងបរិបទនេះ ក្រសួងមុខងារសាធារណៈ គឺជា សរសរស្តម្ភគន្លឹះមួយ ដើម្បីជំរុញការអនុវត្តស្នូលនៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសការទទួលខុសត្រូវលើការអនុវត្តមុំដែលពាក់ព័ន្ធគឺ៖ មុំទី១ មុំទី២ និងមុំទី៣។

ទាញយកឯកសារពាក់ព័ន្ធៈសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩