សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ននានា អភិបាល អភិបាលរងខេត្ត សរុបទាំងអស់ មានចំនួន ៣៧៦នាក់។

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានភារកិច្ចដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបាវចនារបស់ខ្លួនចំនួន៣គឺ ៖ (១) ការពារផលប្រយោជន៍សាធារណៈ (២)ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និង(៣)ការពារផលប្រយោជន៍មន្រ្តី។

ផ្តើមចេញពីភារកិច្ច និងបាវចនារបស់ខ្លួនទាំងនេះ ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួងមុខងារសាធារណៈបានសម្រេចនូវសមិទ្ធផលសំខាន់ៗ ជាច្រើនដូចខាងក្រោម៖
-បានរៀបចំដំឡើងបៀវត្សជាបន្តបន្ទាប់ជូនមន្រ្តីរាជការលើសពី១លានរៀលនៅឆ្នាំ២០១៨ និងបន្តដំឡើងបៀវត្សជាបន្តបន្ទាប់ទៀត ក្នុងឆ្នាំ២០១៩
-បានរៀបចំនិងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តជាច្រើនពាក់ព័ន្ធផលប្រយោជន៍មន្រ្តីរាជការ ដូចជា ៖ ការ ដំឡើងប្រាក់របបសន្តិសុខសង្គម ការបើកផ្តល់បៀវត្សរៀងរាល់២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ ចាប់ពីខែមករា ឆ្នាំ២០១៩ ជាដើម
-បានអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន តាមរយៈការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ពិសេសនៅសាលាភូមិន្ទរដ្ឋបាលបាននិងកំពុងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរាជការ នូវវគ្គបណ្តុះបណ្តាលដំបូង វគ្គបណ្តុះបណ្តាលបន្ត វគ្គវិក្រឹត្យការ និងការបណ្តុះបណ្តាលវគ្គខ្លីៗ មួយចំនួនទៀត
-បានរៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃអង្គភាពគំរូរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល
-បានរៀបចំប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដូចជាបានដាក់ចេញនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា ប្រព័ន្ធនៃការគ្រប់គ្រងប្រាក់ម៉ោងបន្ថែមគ្រូបង្រៀន បានបង្កើតនិងគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យា
-បានរៀបចំយន្តការនៃការផ្តល់ព័ត៌មានអំពីសេវាសាធារណៈតាមរយៈការបង្កើត APP តាមទូរស័ព្ទ និងបានដាក់ឲ្យដំណើរការនូវគេហទំព័រច្រកទ្វារអេឡិចត្រូនិក (Public Service Gateway)
-បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ទាញយកឯកសារពាក់ព័ន្ធៈសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩