សិក្ខាសាលាស្តីពីការកែលម្អគុណភាពសេវាសាធារណៈ ខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាស្តីពីការកែលម្អគុណភាពនៃការផ្តល់សេវាសារណៈ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ វាគ្មិនក្រសួងមុខងារសាធារណៈ អ្នកគ្រប់គ្រង និងមន្ត្រីជំនាញពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់សាលាខេត្ត និងគ្រប់មន្ទីរជុំវិញខេត្តត្បូងឃ្មុំ អង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តត្បូងឃ្មុំ និងការិយាល័យនិងយន្តការច្រកចេញចូលតែមួយនៃក្រុងស្រុកខណ្ឌជុំវិញខេត្តត្បូងឃ្មុំ។ សិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តត្បូងឃ្មុំ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមានមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។