ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ ដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ វគ្គទី៤


រាជធានីភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនដល់សិស្សមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៧ ដែលមានសរុបចំនួន ១០៧០នាក់ (នារី ៣៦៨នាក់) មកពីក្រសួង-ស្ថាប័នចំនួន ២៨ ដោយធ្វើការបែងចែកជា ៦វគ្គ នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ (បន្ទប់សហសិក្សា) នៅសាលាភូមិន្ទរដ្ឋបាល ។ គូសបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះបានសម្រេចដោយជោគជ័យចំនួន ៣វគ្គ នាពេលកន្លងមក មានចំនួន ៤៥១នាក់ ស្រី ១៨១នាក់ រីឯវគ្គទី៤ ​ដែលត្រូវទទួលវិញ្ញាបនបត្រនេះមានចំនួន ១៤៦នាក់ ស្រី ៥០នាក់ ក្នុងចំណោមសិស្សចំនួនសរុប ១៩៧នាក់ ស្រី ៧១នាក់ និងមានសិស្សចំនួន ៥១នាក់ ស្រី ២១នាក់ មិនបានចូលរួមវគ្គបណ្តុះបណ្តាល។ នៅក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់រូបត្រូវបន្តប្រកាន់ខ្ជាប់ និងស្វែងយល់កាន់តែច្បាស់ពីតួនាទី និងវិជ្ជាជីវៈរបស់ខ្លួន បង្កើនសមត្ថភាព ក៏ដូចជារៀបចំឥរិយាបថរបស់ខ្លួន ឱ្យបានសមស្របជាមន្ត្រីរាជការដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។