ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យគណៈកម្មការមុខ​ងារ​សាធារណៈនៃព្រះ​រាជាណាចក្រថៃ


ទីស្តីការក្រសួងមុខងារសាធារណៈ ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ ២០១៩៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោកជំទាវ មេធីនី ថេបម៉ានី (Methini Thepmani) អគ្គលេខាធិការនៃការិយាល័យគណៈកម្មការមុខងារសាធារណៈនៃព្រះរាជាណាចក្រថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍនិងការគ្រប់គ្រងធនធានមនុស្ស រវាង ក្រសួងមុខងារសាធារណៈ និង ការិយាល័យគណៈកម្មការមុខងារសាធារណៈ។ គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅក្នុងការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ននៅក្នុងវិស័យមុខងារសាធារណៈនិងរដ្ឋបាលសាធារណៈ ដើម្បីគាំទ្រវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធផល ប្រសិទ្ធភាព និងវឌ្ឍនភាព ក្រោមរូបភាព (១)ការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់និងថ្នាក់កណ្តាល (២)ការរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីគ្រប់កម្រិត (៣)បណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិលនៃស្ថាប័នទាំងពីរ (៤)ធ្វើកម្មសិក្សាសម្រាប់មន្ត្រីរាជការស៊ីវិលនៃស្ថាប័នទាំងពីរ (៥)កិច្ចប្រជុំអ្នកជំនាញ ដើម្បីពិភាក្សាអំពីផលប្រយោជន៍រួមនៃស្ថាប័នទាំងពីរ (៦)កម្មវិធីផ្លាស់ប្តូរសម្រាប់មន្ត្រីរាជការនិងគ្រូឧទ្ទេស និង (៧)គ្រប់ទម្រង់ដទៃទៀតនៃកិច្ចសហការផ្សេងៗទៀត តាមការសម្រេចរបស់ភាគីទាំងពីរ។