សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តមណ្ឌលគិរី ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈគ្រប់រាជធានីខេត្ត និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួន​ ១២៥​ នាក់ ក្នុងនោះស្ត្រីមាន ១៥​ នាក់។ អង្គសិក្ខាសាលានេះ រៀបចំទ្បើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម​ ដើម្បីកែសម្រួលជាលើចុងក្រោយ នៅក្នុងក្របខ័ណ្ឌនៃក្រសួងមុខងារសាធារណៈលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទនៃរដ្ឋបាលសាធារណៈរបស់កម្ពុជាមុននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង និង រដ្ឋបាលថ្នាក់ក្រោមជាតិ។ នៅក្នុងសន្ទរកថាបើកអង្គសិក្ខាសាលា និងដើម្បីមានមូលដ្ឋានក្នុងការពិភាក្សា ឯកឧត្តមកិត្តិបណ្ឌិត បានមានមតិផ្តាំផ្ញើជូនដល់អង្គសិក្ខាសាលា ឲ្យយកចិត្តទុកដាក់លើសំណួរមួយចំនួនដូចខាងក្រោម៖
១-តើត្រូវធ្វើដូចម្តេច ដើម្បីធានាបាននូវសុក្រឹត្យភាព និងសុចរិតភាពក្នុងការវាយតម្លៃ?
២-តើត្រូវប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តបែបណា ដើម្បីគាំទ្រដល់ការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល?
៣-តើត្រូវប្រើប្រាស់ថវិការលើកទឹកចិត្តរបៀបណា ដើម្បីគាំទ្រដល់ក្រសួង ស្ថាប័នដែលគ្មានប្រភពចំណូល និងក្រសួង ស្ថាប័នដែលមានប្រភពចំណូល?