សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ


ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ធំ ឯកឧត្តមកត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីតំណាងធនាគារពិភពលោក និងមន្រ្តីទទួលបន្ទុកសេវាសាធារណៈ នៃមន្ទីរជុំវិញខេត្តចំនួន ៤ គឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុបសមាសភាពប្រមាណចំនួន ១៦៤នាក់ ក្នុងនោះស្ត្រី ៣៤ នាក់។ អង្គសិក្ខាសាលានេះ រៀបចំប្រមូលធាតុចូលដើម្បីកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមាន ភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ហើយលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជញជាជីវៈរបស់មន្រ្តីរាជការ ដើម្បីប្រែក្លាយ រដ្ឋបាលសាធារណៈឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាជន កាន់តែប្រសើរឡើង។