ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមគ្រូពេទ្យរបស់សហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោកនៃប្រទេសជប៉ុន


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃច័ន្ទ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រុមគ្រូពេទ្យរបស់សហព័ន្ធស្ត្រីដើម្បីសន្តិភាពពិភពលោកនៃប្រទេសជប៉ុន ចំនួន ៤ រូប ដឹកនាំដោយវេជ្ជបណ្ឌិត Koide Hirohisa បានចូលជួបសំដែងការគួរសម និងរាយការណ៍ជូនឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អំពីសកម្មភាពកិច្ចសហប្រតិបត្តិការផ្នែកសុខភាពរវាងសហព័ន្ធ WFWP និងសាលាភូមិន្ទរដ្ឋបាល ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅឃុំកោះច្រែង ខេត្តក្រចេះ និងនៅសាលាភូមិន្ទរដ្ឋបាល។ លទ្ធផលនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះមានដូចខាងក្រោម៖
១. ពីថ្ងៃទី ២២ ដល់ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យប្រទេសជប៉ុនបានពិនិត្យជម្ងឺទូទៅដល់ប្រជាពលរដ្ឋចំនួន ៤៥៣ នាក់ នៅឃុំកោះច្រែង ខេត្តក្រចេះ ដែលជម្ងឺទាំងនោះមានជាអាទិ៍ ជម្ងឺរលាកអញ្ចាញធ្មេញ ទឹកនោមផ្អែម សំពាធឈាម ពកក សន្លាក់ដៃសន្លាក់ជើង រោគស្ត្រី និងកង្វះជាតិអ៊ីយ៉ូដ។ លទ្ធផលនៃការពិនិត្យបានរកឃើញថា ប្រជាពលរដ្ឋជាពិេសេសស្ត្រីភាគច្រើន បានកើតជម្ងឺពកក ទឹកនោមផ្អែម និងលើសសម្ពាធឈាម។
២. ពីថ្ងៃទី ២៥ ដល់ ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យជប៉ុន បានពិនិត្យជម្ងឺទូទៅដល់សិស្សនិងកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលចំនួន ៤៦៥ នាក់។ លទ្ធផលនៃការពិនិត្យសុខភាពនោះ បានរកឃើញថា កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលភាគច្រើនបានកើតជម្ងឺលើសសម្ពាធឈាម និងមានជម្ងឺទឹកនោមផ្អែម។
ជាមួយគ្នានេះដែរ ក្រុមការងារគ្រូពេទ្យជប៉ុន នឹងធ្វើការសិក្សាស្រាវជ្រាវអំពីមូលហេតុនៃការកើតមានជម្ងឺពកក របស់ប្រជាពលរដ្ឋនៅឃុំកោះច្រែង ដើម្បីពិនិត្យនិងព្យាបាលអ្នកជម្ងឺទាំងនោះ នៅពេលអនាគត។