សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០២៨


ខេត្តក្រចេះ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តក្រចេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបច្ចេកទេសកម្រិតខ្ពស់នៃក្រសួង-ស្ថាប័ន ចំនួន១៥ក្រសួង និងប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង ខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងមន្រ្តីជំនាញនៃខេត្តចំនួន០៥ គឺ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី ដោយមានអ្នកចូលសរុបចំនួន ១៣០នាក់។ សិក្ខាសាលានេះ រៀបចំទ្បើងក្នុងគោលបំណង២សំខាន់ៗគឺ ១-ការបង្ហាញលទ្ធផលនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ធៀបទៅនឹងសូចនាករសមិទ្ធកម្មគន្លឹះដែលសម្រេចបាន បញ្ហាប្រឈមក្នុងការអនុវត្ត និងទិសដៅបន្ត ២-ពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំតាក់តែងកម្មវិធីជាតិកំណែទម្រង់សាធារណៈ២០១៩-២០២៨ ដោយក្នុងនោះផ្តោតជាសំខាន់ទៅលើ៖ បញ្ហាប្រឈម ដំណោះស្រាយ វិធានការអនុវត្ត សកម្មភាពការងារដែលក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិត្រូវចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខ និងពេលអនាគត។