ពិធីសម្ភោធ ការដាក់ឲ្យដំណើរការនិងផ្សព្វផ្សាយជាផ្លូវការនូវគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈ


រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ អង្គការតម្លាភាពកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការរៀបចំពិធីសម្ភោធ ការដាក់ឲ្យដំណើរការនិងផ្សព្វផ្សាយជាផ្លូវការនូវគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈ (Public Service GATEWAY)​ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមមកពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន សមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជធានីខេត្ត មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ដ និងអង្គការតម្លាភាពកម្ពុជា សរុបសមាសភាពប្រមាណ ២០០នាក់។ គេហទំព័រច្រកទ្វាអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈ នឹងផ្ដល់លទ្ធភាពឲ្យក្រសួង-ស្ថាប័នពង្រីកលទ្ធភាពនៃការផ្សាយព័ត៌មាន ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ខ្លួនដោយមិនចំណាយថវិកា និងផ្ដល់លទ្ធភាពឲ្យសាធារណៈជនអាចស្វែងរកព័ត៌មានសំខាន់ៗក្នុងការទទួលសេវាសាធារណៈ ដូចជា ១-ឈ្មោះសេវា ២-គោលបំណងនៃសេវា ៣-រយៈពេលនៃការផ្ដល់សេវា ៤-តម្លៃសេវា ៥-សុពលភាពនៃសេវា ៦-ឯកសារតម្រូវដើម្បីទទួលបានសេវា ៧-អាស័យដ្ឋាន លេខទូរស័ព្ទ និងគេហទំព័រសម្រាប់ទំនាក់ទំនងរបស់អង្គភាពផ្ដល់សេវា ៨-ទម្រង់បែបបទនៃពាក្យស្នើសុំសេវា ​៩-នីតិវិធីនៃការផ្ដល់សេវានិងបណ្ដាញ (Link) ដែលផ្ដល់លទ្ធភាពឲ្យអ្នកប្រើប្រាល់សេវាអាចទទួលសេវាតាមប្រព័ន្ធ Online ឬព័ត៌មានលម្អិតអំពីការផ្ដល់សេវាពីកម្មវិធីឬគេហទំព័រផ្ទាល់របស់ក្រសួង-ស្ថាប័ន ។

ចុចទីនេះដើម្បីចូលទៅកាន់គេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានសេវាសាធារណៈ (Public Service GATEWAY)​
-​ http://www.service.gov.kh
– http://www.seva.gov.kh