ក្រសួងមុខងារសាធារណៈបានរៀបចំធ្វើបាឋកថា ស្តីពី “ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា “ ជូនដល់យុវជន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ


រាជធានីភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានរៀបចំធ្វើបាឋកថា ស្តីពី “ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា“ ជូនដល់យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានសមាសភាពចូលរួមសរុបប្រមាណ ៣០០នាក់ ។ នៅក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិបណ្ឌិតបានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យយុវជន និងមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់លើខ្លឹមសារបាឋកថា មួយចំនួនដូចជា៖
១- ខិតខំស្វែងយល់អំពីអត្ថន័យពិតប្រាកដនៃការងារកែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់មតិយោបល់កែលម្អដល់ការងារកែទម្រង់ក្នុងស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវចំពោះជោគវាសនា នៃប្រទេសជាតិរបស់ខ្លួន។
២- ចូលរួមគាំទ្រ និងពង្រីកការយល់ដឹងភាពជាចាំបាច់នៃការកែទម្រង់របស់រាជរដ្ឋាភិបាលឲ្យកាន់តែទូលំទូលាយថែមទៀតទៅកាន់មជ្ឈដ្ឋានរបស់ខ្លួន។ សូមយុវជនយើងធ្វើជាភ្នាក់ងារចម្លងជូនទៅមជ្ឈដ្ឋានយុវជនយើង។
៣- ពិនិត្យលទ្ធភាពចូលរួមដោយផ្ទាល់ និងដោយស្មារតីនៃភាពជាម្ចាស់ ក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងករណីយកិច្ចនីត្យានុកូលនានាក្នុងនាមជាពលរដ្ឋ និយោជិក ធុរជន សហគ្រិន មន្ត្រីរាជការ អ្នកនយោបាយអាស្រ័យតាមអង្គវិជ្ជាជីវៈរបស់ខ្លួនរៀងៗខ្លួន។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក បានគូសបញ្ជាក់ថា ការរៀបចំបាឋកថានេះ ជាឱកាសដ៏កម្រមួយដែល ក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល និងក្រុមការងារ
ស.ស.យ.ក វិស័យមុខងារសាធារណៈ បានប្រមូលផ្តុំបង្កើតជាបាឋកថា ក្នុងក្របខណ្ឌរួម ដើម្បីចែករំលែកបទពិសោធន៍ដល់យុវជនដែលជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់ប្រទេសជាតិ។ បាឋកថានេះ ប្រព្រឹត្តទៅដោយមានការចែករំលែកបទពិសោធន៍ដោយ ផ្ទាល់ពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

ទាញយកឯកសារៈ បាឋកថា ស្តីពី “ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា“