សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទវគ្គប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ៥៦៧នាក់ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០១៨ មានសិស្សនិសិត្សចំនួន ៣៨០នាក់ ។ នៅក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីការងារកំណែទម្រង់កិច្ចការមុខងារសាធារណៈ ដែលកន្លងមកពិតជាមានភាពស្មុគស្មាញប៉ុន្តែក្រោយពីបានបង្កើតនូវក្រសួងមុខងារសាធារណៈរួចហើយ គឺបង្កើតឲ្យមានភាពងាយស្រួលជាងមុនក្នុងការបែងចែកមុខងារ និងតួនាទីរបស់មន្ត្រីរាជការ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់បច្ចេកវិទ្យា (ATM Card) ក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការដែលបានកាត់បន្ថយចំនួនមន្ត្រីមន្ត្រីខ្មោចបានយ៉ាងច្រើន។ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់ នូវតួនាទីរបស់ខ្លួន គឺត្រូវតែធ្វើជាមន្ត្រីល្អដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទមហើយត្រូវចេះគោរពប្រជាពលរដ្ឋចេះអោនលំទោន ងើបស្កក អោនដាក់គ្រាប់។ ព្រោះមន្រ្តីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់រាស្រ្ត ហើយមិនមែនជាចៅហ្វាយរបស់ប្រជារាស្រ្តឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់បញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឹជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។ (អត្ថបទដកស្រង់ពីFacebook សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន)