សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ


ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃ ចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ និង ធនាគារពិភពលោក (World Bank) បានសហការរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រមាណ ១០០នាក់ នៅសណ្ឋាគារ LBN Asian Hotel ខេត្តកំពង់ចាម។ សិក្ខាសាលារយៈពេលបីថ្ងៃនេះ ចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូលដើម្បីកសាងសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងស្របតាមគោលបំណងសំខាន់ៗដែលបានកំណត់ក្នុងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ រួមមាន (១)សេវាសាធារណៈប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព ភាពអាចទុកចិត្តបាន ភាពឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា (២)ការគ្រប់គ្រងនិងការអភិវឌ្ឍមន្រ្តីរាជការស៊ីវិលឱ្យកាន់តែមានសមត្ថភាព ភាពស្វាហាប់ ប្រសិទ្ធភាព និងភាពទុកចិត្តក្នុងការផ្តល់សេវាសាធារណៈដោយប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាពនិងមនសិកាវិជ្ជាជីវៈ និង (៣)ប្រព័ន្ធបៀវត្សដែលធានាបាននូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវសង្គតិភាពរវាងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនិងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ។