ក្រសួងមុខងារសាធារណៈចូលរួមកម្មវិធីបំបែកឯកទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក


វាលព្រះមេរុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ វ៉ាន់ ម៉ារា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ តំណាងឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ចំនួន២០រូប ចូលរួមកម្មវិធីបំបែកឯកទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ក្នុងគោលបំណងរួមចំណែករក្សាអត្តសញ្ញាណជាតិវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដែលបុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។ កម្មវិធីក្រមានេះ បានលើកកម្ពស់មោទនភាព កិត្យានុភាពជាតិ នូវស្នាដៃមនុស្សជាតិរបស់ប្រជាពលរដ្ឋខ្មែរ នៅលើឆាកអន្តរជាតិ។ ក្នុងនាមជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈ សូមមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ដើម្បីថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ប្រពៃណីដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់ជាតិយើង។
សាមគ្គីភាព ឯកភាពជាតិ សន្តិភាព ជាសូចនាករនៃភាពខ្លាំងរបស់កម្ពុជា។
យើងជឿជាក់ថា ខ្មែរធ្វើបាន!