ឯកឧត្តម យក់ ប៊ុនណា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃវៀតណាម

រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃវៀតណាម ដែលដឹកនាំដោយឯកឧត្តម NGUYEN DUY THANG អនុរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានធ្វើបទបង្ហាញជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃវៀតណាម ដោយផ្ដោតលើខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន (១) តួនាទីរបស់ក្រសួងមុខងារសាធារណៈ (២) សមិទ្ធិផលរបស់ក្រសួងមុខងារសាធារណៈ (៣) កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដែលផ្ដោតទៅលើបីចំណុចសំខាន់ៗគឺ ទី១ ការកែលម្អសេវាសាធារណៈ ទី២ ពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងទី៣ ការកែលម្អប្រព័ន្ធបៀវត្ស និង(៤) បញ្ហាប្រឈម។