កិច្ចប្រជុំផ្សព្វផ្សាយលើសារាចរណែនាំរួមរវាងក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថានភាពរដ្ឋបាលលើតារាងបៀវត្សប្រចាំខែមន្ត្រីរាជការនៃក្រសួងសុខាភិបាល


រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស បានអញ្ជើញជាអធិបតីភាពដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើសារាចរណែនាំរួមរវាងក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ស្តីពីការធ្វើបច្ចុប្បន្នភាពស្ថានភាពរដ្ឋបាលលើតារាងបៀវត្សប្រចាំខែមន្ត្រីរាជការនៃក្រសួងសុខាភិបាល ។ កិច្ចប្រជុំផ្សព្វផ្សាយលើសារាចរណែនាំរួមនេះ មានគោលបំណងពិភាក្សាលើខ្លឹមសារសំខាន់មួយចំនួនដូចជា៖
– គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពតារាងទូទាត់បៀវត្សលើស្ថានភាពរដ្ឋបាលមន្ត្រីរាជការរបស់អង្គភាពខ្លួនទៅតាមរចនាសម្ព័ន្ធដែលមានជាក់ស្តែង។
– គ្រប់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត មានភារកិច្ចសហការ សម្របសម្រួល និងជួយដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាពរដ្ឋបាលលើតារាងបៀវត្សប្រចាំខែរបស់មន្ត្រីសុខាភិបាល។
– គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវផ្អាកជាកំហិតរាល់ការអនុញ្ញាឲ្យមន្ត្រីរាជការផ្ទេរចេញ ឬ ផ្ទេរចូលតាមគ្រប់រូបភាពទាំងក្នុងរាជធានី-ខេត្ត និងទាំងឆ្លងរាជធានី-ខេត្ត ក្នុងរយៈពេលនៃការធ្វើបច្ចុប្បន្នភាពតារាងទូទាត់បៀវត្សនេះ។
– គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទទាំងអស់ ដែលមានមន្ត្រីរាជការផ្ទេរចេញ ឬចូលឆ្លងខេត្តពីមុនមក ហើយបច្ចុប្បន្នប្រាក់បៀវត្សរបស់សាមីជនមិនទាន់បានផ្តាច់ ឬ បញ្ចូលទៅតាមទីកន្លែងកំពុងបម្រើការងារនោះទេ ត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេលនៃការធ្វើបច្ចុប្បន្នភាពតារាងទូទាត់បៀវត្សនេះ។
– គ្រប់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត និងគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវសហការរួមគ្នាអនុវត្ត និងរួមគ្នាដោះស្រាយរាល់បញ្ហដែល កើតមានដើម្បីសម្រេចឲ្យបានទាន់ពេលវេលាកំណត់នូវការធ្វើបច្ចុប្បន្នភាពតារាងបៀវត្សមួយមានលក្ខណៈត្រឹមត្រូវតាមស្ថានភាពជាក់ស្តែងរបស់មន្ត្រីដែលកំពុងបំរើការងារតាមអង្គភាពនីមួយៗ។ ក្នុងករណីដែលមិនអនុវត្តតាមសារាចរណែនាំនេះនឹងត្រូវទទួលវិធានការខាងវិន័យតាមផ្លូវច្បាប់ជាធរមាន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១