កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល »


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញជាអធិបតីភាពដឹកនាំក្នុងកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល »។ កិច្ចប្រជុំពិនិត្យអនុក្រឹត្យនេះមានគោលបំណងកំណត់ឱ្យមានការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈ របស់ក្រសួងអប់រំ យុវជន និងកីទ្បា និងក្រសួងសុខាភិបាល ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការផ្តល់សេវាសាធារណៈ និងដើម្បីជំរុញឱ្យមានចលនានៃការកែលម្អជាប្រចាំនៅក្នុងសាលារៀន និងមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាព នៅតាមរាជធានី-ខេត្ត ដែលនឹងនាំឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខមាលភាពនិងសង្គមកិច្ចដ៏ចាំបាច់នេះកាន់តែប្រសើរថែមទៀតស្របតាមគោលបំណងនៃប្រមុខដឹកនាំរាជរដ្ឋាភិបាល។