កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី«ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល»


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី«ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល» ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៤០នាក់។ កិច្ចប្រជុំពិនិត្យអនុក្រឹត្យនេះមានគោលបំណងកំណត់ឱ្យមានការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិរបស់ក្រសួងអប់រំ យុវជន និងកីទ្បា និងក្រសួងសុខាភិបាល ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការផ្តល់សេវាសាធារណៈ និងដើម្បីជំរុញឱ្យមានចលនានៃការកែលម្អជាប្រចាំនៅក្នុងសាលារៀន និងមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាព នៅតាមរាជធានី-ខេត្ត ដែលនឹងនាំឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខមាលភាពនិងសង្គមកិច្ចដ៏ចាំបាច់នេះកាន់តែប្រសើរថែមទៀតស្របតាមគោលបំណងនៃប្រមុខដឹកនាំរាជរដ្ឋាភិបាល។