ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)ជាផ្លូវការនៅក្រសួងចំនួន១០


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ក្រុមការងារគម្រោងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងមុខងារសាធារណៈ បានចូលរួមពិធី «ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS) ជាផ្លូវការនៅក្រសួងចំនួន១០ និងប្រកាសបន្តអនុវត្តគម្រោង FMIS ជំហានទី២ ទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៨ » ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន សមាជិកទាំងអស់នៃក្រុមការងារអនុវត្តគម្រោង FMIS ប្រចាំក្រសួងចំនួន១០ ។ គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១