ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ចូលរួមកម្មវិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៧


រាជធានីភ្នំពេញ៖ កាលពីថ្ងៃ ពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកម្មវិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ ដែលបានប្រព្រឹត្តទៅនៅទីលានបាល់ទាត់ (World Cup Soccer) ផ្លូវសម្ដេច ជា ស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នៅជិតសួនសុបិន្តចំការព្រីង វត្តសំរោងអណ្ដែត)។ កម្មវិធីនេះមានគោលបំណងដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងភាតរភាព រវាងកម្មសិក្សាការី និងសិស្សមន្ត្រី ព្រមទាំងជួយលើកស្ទួយវិស័យអប់រំកាយ និងកីឡា របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងសិស្សមន្ត្រីក្រមការជំនាន់ទី៧ នៃសាលាភូមិន្ទរដ្ឋបាល។