សិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ(២០១៣-២០១៧)


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស ២០១៧ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផល ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ(២០១៣-២០១៧) ដែលកំពុងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅសណ្ឋាគារ Emario ខេត្តមណ្ឌលគិរី ដោយមានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមុខងារសាធារណៈ លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបចំនួនប្រមាណ ១០០នាក់ (ស្រ្តី១៨នាក់) ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈមួយអាណត្តិ(២០១៣-២០១៧)។