ក្រសួងមុខងារសាធារណៈបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថាន


រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅសាលាភូមិន្ទរដ្ឋបាល មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានសិក្ខាកាមចូលរួមប្រមាណ ៦៥នាក់ (ស្រី ១៧នាក់)។ វគ្គបណ្តុះបណ្តាលនេះ រៀបចំទ្បើងក្នុងគោលបំណងធ្វើទំនើបកម្មស្ថាប័នដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការនៃក្រសួងបរិស្ថាន ស្របតាមគោលការណ៍និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានរំពឹងទុកថាសិក្ខាកាមទាំងអស់នឹងទទួលបាននូវការយល់ដឹងកាន់តែច្បាស់ អំពីយន្តការនិងឋានានុក្រមរដ្ឋបាលតាមរចនាសម្ព័ន្ធខ្សែបណ្តោយ ការរៀបចំផែនការនិងគម្រោងថវិកា ការរៀបចំខ្ទង់ចំណាយនិងនីតិវិធីចំណាយរបស់អង្គភាព ប្រកបដោយតម្លាភាព និងគណនេយ្យភាព។