ពិធីចុះអនុស្សារណៈស្តីពី “ការរៀបចំបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានតាមទូរស័ព្ទស្តីពីសេវាសាធារណៈ និងការបង្កើតច្រកទ្វារអេឡិចត្រូនិកសម្រាប់សេវាសាធារណៈ”


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមុខងារសាធារណៈ និងអង្គការតម្លាភាពកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាក្នុងគោលបំណងសម្រាប់គាំទ្រ “ការរៀបចំបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានតាមទូរស័ព្ទស្តីពីសេវាសាធារណៈ (Call Center) និងការបង្កើតច្រកទ្វារអេឡិចត្រូនិកសម្រាប់សេវាសាធារណៈ (Public Service Gateway)” ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងអង្គការតម្លាភាព តំណាងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអែត ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈមួយចំនួនទៀត។ ពិធីចុះអនុស្សារណៈនេះ មានគោលដៅពង្រឹង គុណភាព និងប្រសិទ្ធិភាព សេវាសាធារណៈកម្ពុជាឲ្យកាន់តែទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានស្តីពីសេវាសាធារណៈ ការផ្តល់សេវាសាធារណៈ និងការទទួលព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវាសាធារណៈ។